15 ពួកអ្នកជូនដំណើរលោកប៉ូលបានមកជាមួយលោក រហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។
16 ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។
17 លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ* ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។
18 មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «ប្រហែលគាត់ជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ*ស្ដីអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ។
19 គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់ឲ្យយើងដឹងអំពីលទ្ធិថ្មី ដែលលោកបង្រៀននោះបានឬទេ?
20 ដ្បិតយើងបានឮលោកថ្លែងរឿងចម្លែកៗ យើងចង់ដឹងអត្ថន័យណាស់»។
21 អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។