កិច្ចការ 17:17-23 KHSV

17 លោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ* ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទី‌លាន​សាធារណៈ​ក្នុង​ក្រុង។

18 មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោក‌ប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «ប្រហែល​គាត់​ជា​អ្នក​ឃោស‌នា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌យេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ។

19 គេ​ក៏​នាំ​លោក​យក​ទៅ​មុខ​សភា​ក្រុង នៅ​ទួល​អើរី‌យ៉ូស ហើយ​ពោល​មក​លោក​ថា៖ «តើ​លោក​អាច​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​លទ្ធិ​ថ្មី ដែល​លោក​បង្រៀន​នោះ​បាន​ឬ​ទេ?

20 ដ្បិត​យើង​បាន​ឮ​លោក​ថ្លែង​រឿង​ចម្លែកៗ យើង​ចង់​ដឹង​អត្ថ‌ន័យ​ណាស់»។

21 អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​នោះ​ឡើយ។

22 លោក​ប៉ូល​ក្រោក​ឈរ​នៅ​កណ្ដាល​អង្គ​ប្រជុំ នៅ​ទួល​អើរី‌យ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់

23 ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយ‌ដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ ដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយ‌បង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។