កិច្ចការ 18:1-7 KHSV

1 ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិនថូស។

2 នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគី‌ឡា ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគី‌ឡា និង​នាង​ព្រីស៊ីល​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ព្រោះ​ព្រះចៅ​អធិ‌រាជ​ក្លូឌាស​បាន​ចេញ​បញ្ជា​ឲ្យ​ជន‌ជាតិ​យូដា​ទាំង​អស់ ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់ទង​នឹង​អ្នក​ទាំង​ពីរ

3 ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សម្រាប់​បោះ​ជំរំ។

4 រៀង​រាល់​ថ្ងៃ​សប្ប័ទ* លោក​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ* និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។

5 កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះ‌បន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ដ។

6 ប៉ុន្តែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​លោក ហើយ​ជេរ​ប្រមាថ​លោក​ទៀត​ផង​នោះ លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។

7 លោក​ក៏​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទូស ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ*។