កិច្ចការ 18:10-16 KHSV

10 ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។

11 លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិនថូស អស់​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។

12 នៅ​គ្រា​ដែល​លោក​កាលី‌យ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្ដី

13 ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។

14 ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «ជន‌ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់ទង​នឹង​បទ‌ឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។

15 ប៉ុន្តែ បើ​ជា​រឿង​ជជែក​វែក‌ញែក​ស្ដី​អំពី​ពាក្យ‌ពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័យ*​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។

16 លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្ដី។