កិច្ចការ 18:22-28 KHSV

22 លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម‌ជំនុំ* បន្ទាប់​មក លោក​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។

23 ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូក​យូរ​បន្តិច​មក លោក​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស*​ទាំង​អស់​ផង។

24 មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិត‌ល្អន់។

25 គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​ព្រះ‌បន្ទូល ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ‌យេស៊ូ​ផង។ ក៏​ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។

26 គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់‌អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់​ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​ថែម​ទៀត។

27 បន្ទាប់​មក ដោយ​លោក​អប៉ូ‌ឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង‌ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ពួក​សិស្ស*​នៅ​ស្រុក​នោះ ឲ្យ​ទទួល​គាត់​ដោយ​រាក់‌ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះ‌ខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។

28 ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែក‌ញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ដ*​មែន។