7 លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ ឈ្មោះយូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ*។
8 រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក*ផង។
9 យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
10 ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។
11 លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
12 នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី
13 ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។