កិច្ចការ 19:22-28 KHSV

22 លោក​បាន​ចាត់​សហការី​របស់​លោក​ពីរ​រូប គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេ‌ដូន​មុន រីឯ​លោក លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។

23 នៅ​គ្រា​នោះ មាន​កើត​ការ​បះ‌បោរ​មួយ​យ៉ាង​ខ្លាំង ព្រោះ​តែ​មាគ៌ា​របស់​ព្រះ‌អម្ចាស់។

24 មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កំរៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។

25 គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «បង‌ប្អូន​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រស់​ស្រួល ក៏​ដោយ‌សារ​តែ​មុខ​របរ​នេះ

26 ហើយ​បង‌ប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះ‌បញ្ចូល​នាំ​មហា‌ជន​ឲ្យ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង ដោយ​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។

27 ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌វិហារ​នៃ​ព្រះ‌នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះ‌នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ​ទៀត​ផង»។

28 កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។