25 គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ
26 ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
27 ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយ ហើយកិត្តិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។
28 កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំង ក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
29 ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និងលោកអើរីស្ដាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ូលទៅផង។
30 លោកប៉ូលមានបំណងទៅជួបប្រជាជន ប៉ុន្តែ ពួកសិស្ស*បានឃាត់លោកមិនឲ្យទៅទេ
31 សូម្បីតែមន្ត្រីក្រុងខ្លះដែលជាមិត្តភក្ដិរបស់លោក ក៏បានចាត់គេឲ្យទៅជម្រាបលោក មិនឲ្យទៅលានមហោស្រពដែរ។