កិច្ចការ 2:23-29 KHSV

23 បង‌ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ​ទៅ​ឲ្យ​ពួក​ជន​ពាល ឥត​សាសនា ឆ្កាង​លោក ដូច​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះ‌អង្គ​ទ្រង់​ញាណ​ជា​មុន។

24 ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។

25 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។

26 ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ

27 ដ្បិត​ព្រះ‌អង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។

28 ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សុភមង្គល​ដ៏​ពេញ‌លេញ ដោយ​ព្រះ‌អង្គ​គង់​ជា​មួយ​ទូលបង្គំ» ។

29 «បង‌ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះ‌សព​របស់​ព្រះ‌អង្គ រីឯ​ផ្នូរ​របស់​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។