កិច្ចការ 20:1-6 KHSV

1 លុះ​ចលាចល​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួច​ជម្រាប​លា​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន។

2 លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក

3 ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេ‌ដូន។

4 អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។

5 បង‌ប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់‌ចាំ​យើង​នៅ​ក្រុង​ត្រូអាស

6 ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំប៉័ង​ឥត​មេ* យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅ​ចុះ​សំពៅ។ ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​មក​ដល់​ក្រុង​ត្រូអាស ជួប‌ជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំ‌ពីរ​ថ្ងៃ។