10 លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើង ទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។
11 កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំប៉័ង និងបរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។
12 គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្តឥតឧបមា។
13 រីឯយើងវិញ យើងបានចុះសំពៅទៅមុន ធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។
14 កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។
15 យើងបានចេញពីទីនោះ បន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបី យើងក៏បានទៅដល់ក្រុងមីលេត។
16 លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។