15 យើងបានចេញពីទីនោះ បន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបី យើងក៏បានទៅដល់ក្រុងមីលេត។
16 លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
17 លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃក្រុមជំនុំ*នៅក្រុងអេភេសូមក។
18 លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖«បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ
19 គឺខ្ញុំបានបម្រើព្រះអម្ចាស់ ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។
20 ខ្ញុំបានជម្រាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ
21 ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដា ទាំងសាសន៍ក្រិក កែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។