កិច្ចការ 20:18-24 KHSV

18 លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖«បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ អំពី​អាកប្ប‌កិរិយា​ដែល​ខ្ញុំ​មាន​ចំពោះ​បង‌ប្អូន​រាល់​ពេល​វេលា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ី​ម៉្លេះ

19 គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព‌រាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាក ដោយ​ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។

20 ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង‌ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារ‌ប្រយោជន៍​ដល់​បង‌ប្អូន ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ​ឡើយ

21 ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌ជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ផង។

22 ឥឡូវ​នេះ ព្រះ‌វិញ្ញាណ​បាន​ទាក់‌ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​ហេតុ‌ការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ

23 គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង​តាម​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។

24 ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ចការ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព​អំពី​ដំណឹង‌ល្អ*​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។