កិច្ចការ 20:7-13 KHSV

7 នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ យើង​បាន​ជួប‌ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំប៉័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។

8 ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។

9 ពេល​លោក​ប៉ូល​កំពុង​តែ​មាន​ប្រសាសន៍​យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទី‌កុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់‌ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។

10 លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អ៊ើទី‌កុស ត្រកង​គាត់​លើក​ឡើង ទាំង​ពោល​ថា៖ «សូម​បង‌ប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។

11 កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំប៉័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។

12 គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។

13 រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន ធ្វើ​ដំណើរ​ដល់​ក្រុង​អាសុស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។