13 ប៉ុន្តែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។
14 ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។
15 ក្រោយពីបានស្នាក់នៅទីនោះយូរបន្តិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។
16 ពួកសិស្ស*នៅក្រុងសេសារាខ្លះបានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ ឈ្មោះម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្ស*តាំងដើមដំបូងមក។
17 ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។
18 នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកុបជាមួយយើង រីឯពួកព្រឹទ្ធាចារ្យ*ទាំងអស់ក៏ជួបជុំគ្នានៅទីនោះដែរ។
19 ក្រោយពីបានជម្រាបសួរពួកបងប្អូនរួចហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់អំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ក្នុងចំណោមសាសន៍ដទៃ តាមរយៈការងាររបស់លោក។