កិច្ចការ 21:21-27 KHSV

21 ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*​ទេ គឺ​ឮ​ថា​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក*​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀម‌ទម្លាប់​ផ្សេងៗ​ឡើយ។

22 បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។

23 សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់

24 សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ បង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ*​ដែរ។

25 រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សម្រេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់-ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀប‌ការ»។

26 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង‌ប្អូន​ទាំង​បួន​នាក់​នោះ ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ* ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។

27 លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន‌ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះ‌វិហារ* ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។