កិច្ចការ 21:27-33 KHSV

27 លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន‌ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះ‌វិហារ* ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។

28 ពួក​គេ​ស្រែក​ឡើង​ថា៖ «បង‌ប្អូន​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀន‌ប្រដៅ​មនុស្ស‌ម្នា​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រឆាំង​នឹង​ក្រឹត្យ‌វិន័យ* ហើយ​ប្រឆាំង​នឹង​ព្រះ‌វិហារ*។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ គឺ​បង្អាប់‌បង្អោន​ទី​កន្លែង​ដ៏‌វិសុទ្ធ*​នេះ»។

29 គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ដែរ។

30 ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជា‌ជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិស‌ទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ‌វិហារ* រួច​បិទ​ទ្វារ​ភ្លាម។

31 នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូ‌សាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ‌បញ្ជា‌ការ​កង​ទាហាន​រ៉ូម៉ាំង

32 គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដា‌ជន​ភ្លាម។ កាល​ប្រជា‌ជន​បាន​ឃើញ​មេ‌បញ្ជា‌ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។

33 ពេល​នោះ មេ‌បញ្ជា‌ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​ឲ្យ​ដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា បាន​ធ្វើ​អ្វី។