33 ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់លោក ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។
34 ប៉ុន្តែ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។
35 ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនមកតាមទាំងកំរោល
36 និងស្រែកថា៖ «សម្លាប់ចោលទៅ!»។
37 នៅពេលគេហៀបនឹងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេបញ្ជាការថា៖ «តើខ្ញុំមានសិទ្ធិនិយាយជាមួយលោកបន្តិចបានឬទេ?»។ មេបញ្ជាការពោលមកលោកថា៖ «អ្នកចេះនិយាយភាសាក្រិកដែរ!
38 ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ចូលព្រៃនោះទេឬ?»។
39 លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកគីលីគានោះទេតើ! សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។