6 បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។
7 យើងបានបន្តដំណើរពីក្រុងទីរ៉ុស ទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
8 នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។
9 លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ទូល*របស់ព្រះជាម្ចាស់។
10 យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការីមួយរូបឈ្មោះអកាប៊ូស ធ្វើដំណើរមកពីស្រុកយូដា។
11 គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួន ទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹម សាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។
12 កាលបានឮពាក្យនេះ ទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។