កិច្ចការ 21:7-13 KHSV

7 យើង​បាន​បន្ត​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បង‌ប្អូន​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។

8 នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ត​ដំណើរ​ដល់​ក្រុង​សេសារា។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំ‌ពីរ​រូប ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។

9 លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​ថ្លែង​ព្រះ‌បន្ទូល*​របស់​ព្រះ‌ជាម្ចាស់។

10 យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ។ ពេល​នោះ មាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកា‌ប៊ូស ធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។

11 គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន ទាំង​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។

12 កាល​បាន​ឮ​ពាក្យ​នេះ ទាំង​យើង ទាំង​បង‌ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។

13 ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ទៀត​ផង»។