កិច្ចការ 22:2-8 KHSV

2 កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖

3 «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលី‌គា។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង​ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជាម្ចាស់ ដូច​បង‌ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

4 ខ្ញុំ​ធ្លាប់​បៀត‌បៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំ‌ឃាំង​ទៀត​ផង

5 ដូច​មាន​លោក​មហា​បូជា‌ចារ្យ* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* ជា​សាក្សី​ស្រាប់។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ យក​ទៅ​ជូន​បង‌ប្អូន​នៅ​ក្រុង​ដាម៉ាស ដ្បិត​ខ្ញុំ​ទៅ​ទី​នោះ ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​ដើរ​តាម​មាគ៌ា​នេះ យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូ‌សាឡឹម។

6 ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះ‌ត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​ខ្ញុំ។

7 ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។

8 ខ្ញុំ​បាន​សួរ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា “ខ្ញុំ​ជា​យេស៊ូ អ្នក​ស្រុក​ណាសា‌រ៉ែត ដែល​អ្នក​កំពុង​តែ​បៀត‌បៀន”។