14 គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។
15 ចំណែកខាងអស់លោក សូមចុះសំរុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ ឥឡូវនេះទៅ ហើយសុំឲ្យលោកមេបញ្ជាការនាំប៉ូលមក ធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ ឲ្យបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់មុននឹងគាត់មកជិតដល់»។
16 ប៉ុន្តែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជម្រាបលោកប៉ូលឲ្យបានជ្រាប។
17 លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជម្រាបលោក»។
18 នាយទាហាននាំយុវជននោះទៅជួបលោកមេបញ្ជាការ ជម្រាបថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំបាទ ហើយសុំឲ្យខ្ញុំបាទនាំយុវជន នេះមកជួបលោក ព្រោះគេមានរឿងមួយជម្រាបលោក»។
19 លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។
20 យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា នឹងមកសុំលោកឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ឲ្យបានដិតដល់ថែមទៀត។