18 នាយទាហាននាំយុវជននោះទៅជួបលោកមេបញ្ជាការ ជម្រាបថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំបាទ ហើយសុំឲ្យខ្ញុំបាទនាំយុវជន នេះមកជួបលោក ព្រោះគេមានរឿងមួយជម្រាបលោក»។
19 លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។
20 យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា នឹងមកសុំលោកឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ឲ្យបានដិតដល់ថែមទៀត។
21 សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។
22 លោកមេបញ្ជាការបានឲ្យយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនឲ្យនិយាយប្រាប់នរណាថាខ្លួនបានជម្រាបគាត់អំពីរឿងនេះឡើយ។
23 បន្ទាប់មក លោកបានហៅនាយទាហានរបស់លោក ពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារា នៅវេលាម៉ោងប្រាំបួនយប់។
24 សុំរៀបចំសេះជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ត»។