កិច្ចការ 25:16-22 KHSV

16 ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន‌ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ឲ្យ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។

17 លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក ឥត​បង្អង់​ឡើយ។

18 ពួក​ដើម​ចោទ​ក៏​នៅ​ទី​កាត់​ក្ដី​ដែរ តែ​គេ​ពុំ​បាន​ចោទ​គាត់​ពី​អំពើ​អាក្រក់​ណា​មួយ ដូច​ទូលបង្គំ​នឹក​ស្មាន​នោះ​ទេ

19 គឺ​មាន​តែ​ជជែក​វែក‌ញែក​អំពី​រឿង​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ ដែល​បាន​ស្លាប់ ហើយ​លោក​ប៉ូល​ថា នៅ​មាន​ជីវិត​រស់​នោះ​តែ​ប៉ុណ្ណោះ។

20 ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច ចំពោះ​ការ​ជជែក​វែក​ញែក​បែប​នេះ ទូលបង្គំ​បាន​សួរ​គាត់​ថា ចង់​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្ដី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ

21 តែ​លោក​ប៉ូល​បាន​សុំ​ឡើង​ទៅ​ព្រះ‌មហា‌ក្សត្រា‌ធិរាជ ដើម្បី​សុំ​ឲ្យ​ព្រះ‌អង្គ​កាត់​ក្ដី។ ទូលបង្គំ​ចេញ​បញ្ជា​ឲ្យ​គេ​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ទូលបង្គំ​នឹង​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិ‌រាជ»។

22 ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះ‌ករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។