កិច្ចការ 27:16-22 KHSV

16 ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ យើង​បាន​លើក​សំប៉ាន​ឡើង ទាំង​ពិបាក

17 បន្ទាប់​មក យើង​យក​ខ្សែ‌ពួរ​សម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន មក​ចង​ព័ទ្ធ​ជុំ‌វិញ​សំពៅ ការ‌ពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរ‌ទីស រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។

18 នៅ​ថ្ងៃ​បន្ទាប់ ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។

19 នៅ​ថ្ងៃ​ទី​បី សូម្បី​តែ​ពួក​អ្នក​សំពៅ ក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។

20 យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។

21 យើង​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ហើយ។ លោក​ប៉ូល​ក៏​ក្រោក​ឈរ នៅ​កណ្ដាល​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បង‌ប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បង‌ប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ទេ។

22 ប៉ុន្តែ សូម​បង‌ប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្តរាយ។