កិច្ចការ 27:35-41 KHSV

35 លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំប៉័ង​មក​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។

36 ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។

37 នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិត‌សិប​ប្រាំ​មួយ​នាក់។

38 កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។

39 លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សម្រេច​ចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។

40 គេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើង ឲ្យ​សំពៅ​ចូល​ទៅ​រក​ច្រាំង

41 ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។