កិច្ចការ 28:16-22 KHSV

16 លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញា‌ធរ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​នៅ​ផ្ទះ​មួយ តាម​បំណង​ចិត្ត​លោក តែ​គេ​ដាក់​ទាហាន​ម្នាក់​ឲ្យ​នៅ​យាម​លោក។

17 បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃ‌ណី​បុព្វបុរស*​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​រ៉ូម៉ាំង។

18 កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។

19 ប៉ុន្តែ ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ជំទាស់ ជា​ហេតុ​បង្ខំ​ឲ្យ​ខ្ញុំ​សុំ​ឡើង​មក​ដល់​ព្រះចៅ​អធិ‌រាជ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​គោល​បំណង​នឹង​ចោទ​ប្រកាន់​ប្រជា‌ជាតិ​របស់​ខ្ញុំ​ទេ។

20 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បង‌ប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណង ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល»។

21 អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដា​ស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​រាយ‌ការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។

22 យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។