កិច្ចការ 3:18-24 KHSV

18 ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រិស្ដ​របស់​ព្រះ‌អង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។

19 ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លុប​បំបាត់​បាប​របស់​បង‌ប្អូន។

20 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​បង‌ប្អូន​បាន​ស្គាល់​ពេល​សម្រាក ព្រម​ទាំង​ប្រទាន​ព្រះ‌គ្រិស្ដ‌យេស៊ូ​មក​បង‌ប្អូន ដូច​ព្រះ‌អង្គ​គ្រោង​ទុក​ជា​មុន។

21 ឥឡូវ​នេះ ព្រះ‌យេស៊ូ‌គ្រិស្ដ​គង់​នៅ​ឯ​ស្ថាន​បរម‌សុខ* រហូត​ដល់​ព្រះ‌ជាម្ចាស់​រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក តាម​រយៈ​ពួក​ព្យាការី​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ នៅ​ជំនាន់​ដើម​ស្រាប់។

22 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា: “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង‌ប្អូន​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ប្រាប់។

23 រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ព្យាការី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌រាស្ដ្រ”។

24 ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល គឺ​ចាប់​តាំង​ពី​លោក​សាំយូ‌អែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។