4 រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះបន្ទូល»។
5 ពួកសិស្សទាំងប៉ុន្មានពេញចិត្តនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។
6 គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ*ពីលើអ្នកទាំងនោះ។
7 ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ*ដ៏ច្រើនលើសលប់ សុខចិត្ត ប្រតិបត្តិតាមជំនឿដែរ។
8 លោកស្ទេផានបានពោរពេញដោយព្រះគុណ និងឫទ្ធានុភាព ដែលធ្វើឲ្យលោកសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗក្នុងចំណោមប្រជាជន។
9 មានអ្នកខ្លះជាសមាជិកសាលាប្រជុំ*ដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន
10 ប៉ុន្តែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។