1 លោកមហាបូជាចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?»
2 លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលលោកអប្រាហាំ*ជាបុព្វបុរស*របស់យើង រស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកខារ៉ាន ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង បានមកបង្ហាញព្រះអង្គឲ្យលោកឃើញ
3 ហើយមានព្រះបន្ទូលថា៖ “ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្ដានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក!”។
4 លោកអប្រាហាំក៏ចាកចេញពីស្រុកខាល់ដេទៅរស់នៅក្នុងស្រុកខារ៉ាន។ ក្រោយពេលឪពុករបស់លោកទទួលមរណភាពផុតទៅ ព្រះជាម្ចាស់បាននាំលោកចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។
5 នៅស្រុកនេះ ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកទៅជំនាន់ក្រោយៗផង។ ពេលនោះ លោកអប្រាហាំគ្មានកូនទេ។
6 ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ពូជពង្សរបស់អ្នកនឹងអាស្រ័យនៅលើទឹកដីបរទេស។ អ្នកស្រុកនោះនឹងយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ ព្រមទាំងធ្វើទុក្ខទោសគេ អស់រយៈពេលបួនរយឆ្នាំ”។