12 ពេលលោកយ៉ាកុបឮដំណឹងថានៅស្រុកអេស៊ីបមានស្រូវ លោកក៏ចាត់ពួកបុព្វបុរសរបស់យើង ឲ្យទៅស្រុកនោះជាលើកទីមួយ។
13 នៅលើកទីពីរ លោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ហើយព្រះចៅផារ៉ោនក៏បានជ្រាបអំពីដើមកំណើតរបស់លោកយ៉ូសែបដែរ។
14 បន្ទាប់មក លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុប ជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។
15 លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីប ហើយលោកទទួលមរណភាពទៅ ពួកបុព្វបុរសក៏ទទួលមរណភាពនៅស្រុកនោះដែរ។
16 គេបានដឹកសពលោកយ៉ាកុប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលលោកអប្រាហាំបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។
17 លុះជិតដល់ពេលព្រះជាម្ចាស់ត្រូវបំពេញតាមព្រះបន្ទូល ដែលព្រះអង្គសន្យាជាមួយលោកអប្រាហាំ ជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។
18 បន្ទាប់មក មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែទ្រង់មិនស្គាល់លោកយ៉ូសែបទេ។