កិច្ចការ 7:3-9 KHSV

3 ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក!”។

4 លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។

5 នៅ​ស្រុក​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះ‌អង្គ​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្តែ ព្រះ‌អង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យ​ពូជ‌ពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។

6 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “ពូជ‌ពង្ស​របស់​អ្នក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេស។ អ្នក​ស្រុក​នោះ​នឹង​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។

7 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ”។

8 បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។

9 ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែន‌ឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។