កិច្ចការ 7:32-38 KHSV

32 “យើង​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប”។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។

33 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា: “ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏‌វិសុទ្ធ*។

34 យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ”។

35 ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?”។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ពោត។

36 គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។

37 លោក​ម៉ូសេ​នេះ​ហើយ​ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា”។

38 កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។