កិច្ចការ 7:36-42 KHSV

36 គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។

37 លោក​ម៉ូសេ​នេះ​ហើយ​ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា”។

38 កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។

39 បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ

40 ដោយ​ពោល​ទៅ​កាន់​លោក​អើរ៉ុន​ថា: “សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!”។

41 នៅ​គ្រា​នោះ គេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញ‌បូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីក‌រាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។

42 ពេល​នោះ ព្រះ‌ជាម្ចាស់​ឈប់​រវី‌រវល់​នឹង​គេ ទ្រង់​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថា: “ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​អើយ! ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញ‌បូជា​អ្វី​មក​ឲ្យ​យើង​ឬ​ទេ?