5 នៅស្រុកនេះ ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកទៅជំនាន់ក្រោយៗផង។ ពេលនោះ លោកអប្រាហាំគ្មានកូនទេ។
6 ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ពូជពង្សរបស់អ្នកនឹងអាស្រ័យនៅលើទឹកដីបរទេស។ អ្នកស្រុកនោះនឹងយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ ព្រមទាំងធ្វើទុក្ខទោសគេ អស់រយៈពេលបួនរយឆ្នាំ”។
7 ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសជាតិសាសន៍ដែលយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ។ ក្រោយមក ពូជពង្សរបស់អ្នកនឹងចាកចេញពីស្រុកនោះ មកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ”។
8 បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី*ឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។
9 ពួកបុព្វបុរសមានចិត្តច្រណែនឈ្នានីសនឹងលោកយ៉ូសែប ក៏លក់លោកឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។
10 ប៉ុន្តែ ព្រះជាម្ចាស់គង់ជាមួយលោក ព្រះអង្គបានរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោកឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។
11 ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។