កិច្ចការ 8:3-9 KHSV

3 រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ក្រុម‌ជំនុំ ដោយ​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំ‌ឃាំង។

4 ពួក​សិស្ស*​ដែល​បែក‌ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌បន្ទូល។

5 លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះ‌គ្រិស្ដ*។

6 មហា‌ជន​រួម​ចិត្ត​គំនិត​គ្នា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​ប្រសាសន៍ និង​បាន​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ

7 គឺ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។

8 ប្រជា‌ជន​នៅ​ក្រុង​នោះ មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

9 មាន​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន រស់​នៅ​ក្នុង​ក្រុង​នោះ តាំង​ពី​មុន​លោក​ភីលីព​មក​ដល់​ម៉្លេះ។ គាត់​ជា​គ្រូ​មន្ត‌អាគម ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​គាត់​ជា​ខ្លាំង ហើយ​គាត់​អួត​ខ្លួន​ថា​គាត់​ជា​អ្នក​ធំ​មួយ​រូប។