30 កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យលោកទៅក្រុងតើសុស។
31 ក្រុមជំនុំ*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។
32 លោកពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធ*នៅក្រុងលីដា។
33 នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។
34 លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាសអើយ! ព្រះយេស៊ូគ្រិស្ដ*ប្រោសអ្នកឲ្យបានជាហើយ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!»។ លោកអេណាសក៏ក្រោកឡើងភ្លាម។
35 អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ក៏បែរចិត្តគំនិតទៅរកព្រះអម្ចាស់។
36 នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា “ឌ័រកាស”នាងជាសិស្ស*ដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។