4 គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
5 លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
6 ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។
7 រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។
8 លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។
9 ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។
10 នៅក្រុងដាម៉ាស មានសិស្សមួយរូប ឈ្មោះអាណាណាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។