និក្ខមនំ 13:9-15 KHSV

9 ពិធី​បុណ្យ​នេះ​ជា​សេចក្ដី​រំឭក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។

10 ដូច្នេះ រៀង​រាល់​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ច្បាប់​នេះ។

11 ពេល​ព្រះ‌អម្ចាស់​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជា​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​នោះ

12 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ទៅ​ព្រះ‌អម្ចាស់ ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់។

13 ចំណែក​ឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ថ្វាយ​ជំនួស​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​របស់​អ្នក​រាល់​គ្នា​ដែរ។

14 នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។

15 ពេល​នោះ ស្ដេច​ផារ៉ោន​មិន​ព្រម​អនុញ្ញាត​ឲ្យ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​បូជា​ថ្វាយ​ព្រះ‌អម្ចាស់ តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។