និក្ខមនំ 14:10-16 KHSV

10 កាល​ឃើញ​ព្រះចៅ​ផារ៉ោន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។

11 ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​ឲ្យ​មក​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។

12 កាល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​ជន‌ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បម្រើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​បែប​នេះ»។

13 លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​ត​ទៅ។

14 ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។

15 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ។

16 ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ដើរ​តាម​បាត​សមុទ្រ។