1 សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។
2 នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។
3 ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។
4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្ដល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពក្រឹត្យវិន័យរបស់យើងឬទេ?
5 នៅថ្ងៃទីប្រាំមួយ ពេលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតា មួយជាពីរ»។
6 លោកម៉ូសេ និងលោកអើរ៉ុន ប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺព្រះអម្ចាស់ទេតើ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
7 ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យ ដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។