និក្ខមនំ 16:14-20 KHSV

14 នៅ​ពេល​សន្សើម​ស្ងួត មាន​គ្រាប់​ល្អិតៗ​ដូច​ព្រឹល នៅ​ពាស‌ពេញ​វាល​រហោ‌ស្ថាន។

15 ឃើញ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «នេះ​ជា​អ្វី?» ដ្បិត​ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «នេះ​ជា​អាហារ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។

16 ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា: ចូរ​នាំ​គ្នា​រើស​អាហារ​នេះ ល្មម​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​ឆ្អែត។ ត្រូវ​រើស​តាម​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន គឺ​មួយ​កូន​ល្អី​សម្រាប់​ម្នាក់»។

17 ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម ពួក​គេ​រើស​អាហារ អ្នក​ខ្លះ​រើស​បាន​ច្រើន ហើយ​អ្នក​ខ្លះ​ទៀត​បាន​តិច។

18 បន្ទាប់​មក ពួក​គេ​យក​អាហារ​នោះ​ទៅ​វាល់ អស់​អ្នក​ដែល​រើស​បាន​ច្រើន ក៏​មិន​បាន​លើស​គេ ហើយ​អស់​អ្នក​ដែល​រើស​បាន​តិច ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ទទួល​អាហារ​ល្មម​ដែល​ខ្លួន​ត្រូវ​ការ​ប៉ុណ្ណោះ។

19 លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។

20 ប៉ុន្តែ មាន​អ្នក​ខ្លះ​មិន​ព្រម​ស្ដាប់​តាម​លោក​ម៉ូសេ​ទេ គឺ​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក។ ដង្កូវ​ក៏​មក​ចោះ​អាហារ​ទាំង​នោះ ដែល​បណ្ដាល​ឲ្យ​ទៅ​ជា​ស្អុយ​រលួយ។ លោក​ម៉ូសេ​ខឹង​នឹង​ពួក​គេ។