និក្ខមនំ 16:22-28 KHSV

22 នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ‌ការណ៍​ជម្រាប​លោក​ម៉ូសេ។

23 លោក​ប្រាប់​ពួក​គេ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​ដ៏‌វិសុទ្ធ*​ដែល​ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​ចំអិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចំអិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។

24 ដូច្នេះ ពួក​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ អាហារ​ទាំង​នោះ​ពុំ​មាន​ស្អុយ​រលួយ ឬ​មាន​ដង្កូវ​ចោះ​ឡើយ។

25 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ ចូរ​បរិភោគ​អាហារ​ទាំង​នេះ​ចុះ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ សម្រាប់​គោរព​ព្រះ‌អម្ចាស់។ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ពុំ​ឃើញ​មាន​អ្វី​នៅ​ខាង​ក្រៅ​ទេ។

26 អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ​នឹង​គ្មាន​អ្វី​រើស​ទេ»។

27 ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ក៏​មាន​ប្រជា‌ជន​ខ្លះ​ចេញ​ពី​ជំរំ ដើម្បី​ទៅ​រើស​អាហារ តែ​ពួក​គេ​រក​ពុំ​បាន​សោះ។

28 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​បទ‌បញ្ជា និង​វិន័យ*​របស់​យើង​ដល់​កាល​ណា​ទៀត?