និក្ខមនំ 18:16-22 KHSV

16 នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែ‌នាំ​ពួក​គេ​ឲ្យ​ស្គាល់​ច្បាប់ និង​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌ជាម្ចាស់»។

17 ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ!

18 ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន និង​ប្រជា‌ជន​ដែល​នៅ​ជា​មួយ​នឿយ‌ហត់​ទាំង​អស់​គ្នា។ ការ‌ងារ​នេះ​ធ្ងន់‌ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​ទេ។

19 ឥឡូវ​នេះ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ចូរ​យក​រឿង‌រ៉ាវ​របស់​ពួក​គេ​ទៅ​ទូល​ថ្វាយ​ព្រះ‌អង្គ។

20 ចូរ​បង្រៀន​ពួក​គេ អំពី​ច្បាប់ និង​វិន័យ​ទាំង‌ឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។

21 ត្រូវ​ជ្រើស‌រើស​មនុស្ស​ដែល​មាន​សមត្ថ‌ភាព ពី​ក្នុង​ចំណោម​ប្រជា‌ជន ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែង‌តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។

22 អ្នក​ទាំង​នោះ​ត្រូវ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ​ឲ្យ​ពួក​គេ​បញ្ជូន​មក​កូន​ចុះ រីឯ​កិច្ចការ​តូច‌តាច ទុក​ឲ្យ​ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង​ទៅ។ ធ្វើ​ដូច្នេះ កូន​អាច​សម្រាល​ការ‌ងារ ដោយ​ឲ្យ​ពួក​គេ​ជួយ​រំលែក​បន្ទុក​របស់​កូន។