2 កុំបណ្ដោយខ្លួនទៅតាមមនុស្សភាគច្រើន ដើម្បីសម្រេចការអាក្រក់ឡើយ កុំទុកឲ្យមនុស្សភាគច្រើនទាក់ទាញអ្នកធ្វើជាសាក្សីក្លែងក្លាយ បង្វែរយុត្តិធម៌ឲ្យសោះ។
3 នៅពេលកាត់ក្ដី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះជាអ្នកក្រីក្រក៏ដោយ។
4 ប្រសិនបើអ្នកប្រទះឃើញគោ ឬលារបស់សត្រូវវង្វេង នោះត្រូវតែនាំវាទៅឲ្យម្ចាស់វាវិញ។
5 បើអ្នកឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួល ព្រោះតែផ្ទុកធ្ងន់ពេក នោះមិនត្រូវធ្វើព្រងើយទេ គឺត្រូវតែជួយគេរៀបចំឥវ៉ាន់នៅលើសត្វនោះផង។
6 នៅពេលកាត់ក្ដី មិនត្រូវរំលោភលើសិទ្ធិរបស់ជនក្រីក្រឡើយ។
7 កុំយកចិត្តទុកដាក់ស្ដាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។
8 កុំទទួលសំណូក ដ្បិតសំណូករមែងធ្វើឲ្យមនុស្សភ្លឺទៅជាខ្វាក់ ព្រមទាំងធ្វើឲ្យមនុស្សសុចរិតចាញ់ក្ដី។