និក្ខមនំ 23:5-11 KHSV

5 បើ​អ្នក​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល ព្រោះ​តែ​ផ្ទុក​ធ្ងន់​ពេក នោះ​មិន​ត្រូវ​ធ្វើ​ព្រងើយ​ទេ គឺ​ត្រូវ​តែ​ជួយ​គេ​រៀបចំ​ឥវ៉ាន់​នៅ​លើ​សត្វ​នោះ​ផង។

6 នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ក្រីក្រ​ឡើយ។

7 កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ក៏​មិន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ និង​ជន​សុចរិត​ដែរ ដ្បិត​យើង​មិន​ចាត់​ទុក​មនុស្ស​អាក្រក់ ថា​ជា​មនុស្ស​សុចរិត​ឡើយ។

8 កុំ​ទទួល​សំណូក ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ​ទៅ​ជា​ខ្វាក់ ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​ចាញ់​ក្ដី។

9 កុំ​សង្កត់‌សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។

10 ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​បាន។

11 ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស‌សល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។