9 កុំសង្កត់សង្កិនជនបរទេសឡើយ អ្នករាល់គ្នាធ្លាប់ស្គាល់ការរស់នៅជាជនបរទេសហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេស ក្នុងស្រុកអេស៊ីបដែរ។
10 ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះ និងប្រមូលផលពីស្រែចម្ការរបស់អ្នកបាន។
11 ប៉ុន្តែ នៅឆ្នាំទីប្រាំពីរត្រូវទុកដីនៅទំនេរ ដើម្បីឲ្យជនក្រីក្រ ក្នុងចំណោមប្រជាជនរបស់អ្នក អាចរកអាហារពីដីទាំងនោះ ហើយសត្វព្រៃនឹងមកស៊ីអ្វីៗដែលនៅសេសសល់។ ត្រូវធ្វើបែបនេះចំពោះចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នកដែរ។
12 ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នកអាចធ្វើការងាររបស់អ្នកបាន ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវគោរពថ្ងៃសប្ប័ទ* ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យខ្ញុំបម្រើ និងជនបរទេសបានសម្រាកដែរ។
13 ចូរប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបានបង្គាប់អ្នករាល់គ្នា ហើយមិនត្រូវបន់ស្រន់ដល់ព្រះដទៃឡើយ សូម្បីតែឈ្មោះរបស់ព្រះទាំងនោះក៏មិនត្រូវឮពីមាត់របស់អ្នករាល់គ្នាផង។
14 ក្នុងមួយឆ្នាំ ត្រូវធ្វើពិធីបុណ្យបីដង ដើម្បីគោរពយើង។
15 ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នកត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។