1 នេះជាបទចម្រៀងដ៏ពីរោះជាងគេបំផុតតែងឡើងដោយព្រះបាទសាឡូម៉ូន។
2 សូមបងថើបអូនឲ្យអស់ចិត្តមកដ្បិតសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រាទំពាំងបាយជូរទៅទៀត។
3 ក្លិនរបស់បងក្រអូបណាស់ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយនាំគ្នាស្រឡាញ់បង។
4 សូមបងដឹកដៃអូនយើងប្រញាប់ទៅជាមួយគ្នា។បងជាស្ដេចរបស់អូនសូមនាំអូនចូលក្នុងបន្ទប់របស់បងផងយើងនឹងរួមសប្បាយជាមួយគ្នា។យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បងដែលវិសេសជាងស្រាទំពាំងបាយជូរ។ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះពិតជាត្រឹមត្រូវមែន។
5 ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយខ្ញុំមានសម្បុរខ្មៅមែនតែខ្ញុំមានរូបឆោមល្អណាស់គឺល្អដូចពន្លានៅស្រុកកេដារនិងដូចកំរាលព្រំរបស់ព្រះបាទសាឡូម៉ូន។
6 កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរតែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូររបស់ខ្ញុំផ្ទាល់ទេ។
7 ម្ចាស់ចិត្តរបស់អូនអើយ សូមប្រាប់អូនមកថាតើបងឃ្វាលហ្វូងចៀមរបស់បងនៅទីណានៅពេលថ្ងៃត្រង់ តើបងឲ្យហ្វូងចៀមសម្រាកនៅកន្លែងណា?សូមកុំទុកឲ្យអូនដើររកបងនៅក្បែរហ្វូងចៀមមិត្តភក្ដិរបស់បងឡើយ!
8 ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយប្រសិនបើនាងមិនដឹងទេចូរដើរតាមដានរបស់ហ្វូងចៀមហើយឃ្វាលពពែរបស់នាងនៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
9 អូនសម្លាញ់អើយ អូនមានរូបឆោមល្អដូចសេះដែលទឹមរាជរថរបស់ព្រះចៅផារ៉ោន។
10 គ្រឿងអលង្ការរបស់អូនធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាតហើយខ្សែករបស់អូនក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។
11 យើងនឹងធ្វើក្រវិលមាសដែលមានលំអដោយប្រាក់ឲ្យនាងពាក់។
12 ពេលព្រះរាជាកំពុងសោយព្រះស្ងោយទឹកអប់ទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូប។
13 ព្រះរាជាជាម្ចាស់ចិត្តរបស់ខ្ញុំ ប្រៀបបាននឹងផ្កាមួយបាច់នៅលើទ្រូងរបស់ខ្ញុំ។
14 ម្ចាស់ចិត្តរបស់ខ្ញុំប្រៀបបាននឹងលំអងផ្កាដែលដុះនៅតាមប្រភពទឹកអេនកេឌី
15 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់!អូនល្អដាច់គេ!កែវភ្នែករបស់អូនមានសម្រស់ដូចសត្វព្រាប។
16 ម្ចាស់ចិត្តអូនអើយបងក៏ស្អាត គួរឲ្យស្រឡាញ់ដែរ!ស្លឹកឈើដ៏ខៀវខ្ចីនេះជាគ្រែរបស់យើង។
17 មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើងហើយដើមកកោះទាំងនេះជាជញ្ជាំងផ្ទះរបស់យើង។