1 ម្ចាស់ក្សត្រីអើយអូនពាក់ស្បែកជើងដូច្នេះស្អាតណាស់!ចង្កេះរបស់អូនរាងមូល ដូចខ្សែកដែលជាស្នាដៃរបស់ជាងដ៏ចំណាន។
2 ផ្ចិតរបស់អូនមានរាងដូចពែងពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី ដែលមានផ្កាក្រវាន់លំអជុំវិញ។
3 សុដន់ទាំងពីររបស់អូន ប្រៀបបាននឹងកូនភ្លោះរបស់ប្រើស។
4 ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំងនៅក្រុងហេសបូនដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីមច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ដែលបែរទៅរកក្រុងដាម៉ាស។
5 ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួនដូចភ្នំកើមែល។សរសៃសក់របស់អូនប្រៀបបីដូចក្រណាត់ដ៏ទន់។ព្រះរាជាគាប់ព្រះហឫទ័យនឹងផ្នួងសក់របស់អូនណាស់។
6 គូស្នេហ៍របស់បង ព្រលឹងមាសបងអើយអូនល្អស្អាត គួរឲ្យស្រឡាញ់ណាស់។
7 រូបរាងរបស់អូនល្អស្អាតដូចដើមទន្លាប់សុដន់របស់អូនក៏ដូចផ្លែទន្លាប់ដែរ។
8 បងគិតថា ត្រូវតែឡើងដើមទន្លាប់នេះដើម្បីបេះផ្លែរបស់វា។សូមឲ្យសុដន់របស់អូនប្រៀបបាននឹងចង្កោមទំពាំងបាយជូរហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូបដូចផ្លែចន្ទន៍។
9 មាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរយ៉ាងឆ្ងាញ់!មែនហើយ សូមឲ្យស្រាទំពាំងបាយជូរនេះហូរមកសម្រាប់ម្ចាស់ចិត្តអូនសូមឲ្យស្រាទំពាំងបាយជូរនេះស្រក់លើបបូរមាត់ដែលកំពុងតែលង់លក់។
10 ខ្ញុំប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់ខ្ញុំហើយគាត់ចង់បានខ្ញុំណាស់។
11 ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមកយើងទៅចម្ការជាមួយគ្នាយប់នេះ យើងសម្រាកនៅតាមភូមិ។
12 ព្រលឹមឡើង យើងទៅចម្ការទំពាំងបាយជូរដើម្បីមើល ក្រែងលោទំពាំងបាយជូរពន្លកឡើងហើយចេញផ្ការួចយើងមើល ក្រែងលោដើមទទឹមមានផ្កា។នៅទីនោះ អូននឹងប្រគល់ស្នេហាជូនបង។
13 ផ្លែស្នេហ៍សាយក្លិនយ៉ាងក្រអូបនៅមាត់ទ្វាររបស់យើងមានផ្លែដ៏ល្អវិសេសគ្រប់មុខគឺទាំងផ្លែចាស់ និងផ្លែថ្មី។ម្ចាស់ចិត្តអូនអើយអូនរក្សាផ្លែទាំងនោះទុកជូនបង។