1 ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយតើម្ចាស់ចិត្តរបស់នាងទៅទីណា?តើគាត់តម្រង់ទៅទិសណា?យើងស្វែងរកគាត់ជាមួយនាងដែរ។
2 ម្ចាស់ចិត្តរបស់ខ្ញុំបានចុះទៅក្នុងសួនឧទ្យានរបស់គាត់ឆ្ពោះទៅថ្នាលដែលមានពេញដោយផ្កាសាយគន្ធពិដោរ។គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់ព្រមទាំងបេះផ្កាក្រវាន់ផង។
3 ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរគាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។
4 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់គឺស្អាតដូចក្រុងធើសាស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។
5 ចូរកុំសម្លឹងមើលមកបងដូច្នេះដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតីសក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែចុះពីភ្នំនៅស្រុកកាឡាត។
6 ធ្មេញរបស់អូនមានពណ៌សដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។វាសុទ្ធតែមានគូរបស់វាហើយគ្មានណាមួយនៅឯកោឡើយ។
7 នៅពីក្រោយស្បៃថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។
8 ស្ដេចមានមហេសីហុកសិបនាក់មានស្រីស្នំប៉ែតសិបនាក់ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា
9 ក៏ប៉ុន្តែ ចំពោះបងវិញមានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្តអូនល្អឥតខ្ចោះអូនជាកូនតែមួយគត់របស់ម្ដាយជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ពួកយុវនារីឃើញនាងក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គលពួកមហេសី និងពួកស្រីស្នំក៏កោតសរសើរនាងដែរ។
10 តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះមានរូបឆោមល្អដូចព្រះច័ន្ទមានពន្លឺរស្មីដូចព្រះអាទិត្យហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះជានរណា?
11 ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែដើម្បីមើលកូនឈើដែលទើបនឹងដុះមើលទំពាំងបាយជូរដែលទើបនឹងពន្លកមើលដើមទទឹម ក្រែងលោមានផ្កា។
12 ខ្ញុំភាន់ភាំងស្មារតីទោះបីខ្ញុំជាអ្នកត្រកូលខ្ពស់ក្ដីក៏ខ្ញុំលែងយល់អ្វីទាំងអស់។
13 ស្ត្រីសាសន៍ស៊ូឡាមអើយចូរនាងរាំ ចូរនាងរាំដើម្បីឲ្យយើងគយគន់មើលនាងផង។ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើលស្ត្រីសាសន៍ស៊ូឡាមនេះតើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំទាំងពីរពួកឬ?